Huawei បញ្ចេញរថយន្ដអគ្គិសនីថ្មីបំផុត Avatr 11 គ្រោងនឹងប្រកួតប្រជែងជាមួយ​ Tesla

November 23, 2021
Posted by: Roth VR

ក្រុមហ៊ុនផលិតរថយន្ដ ទើបបង្កើតថ្មីឈ្មោះថា Avatr Technologies ដែលការបណ្តាក់ទុនរួមគ្នារវាងក្រុមហ៊ុនបច្ចេកវិទ្យា Huawei, ក្រុមហ៊ុនផលិត Changan Automobile, ក្រុមហ៊ុនផលិតថ្មលីចូម-អ៊ីយ៉ុង CATL, ព្រមទាំងក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីដ៏ល្បីល្បាញ Nio ផងដែរ ។

កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនបានបង្ហាញម៉ូដែលអគ្គិសនីដំបូងបំផុតរបស់ខ្លួន គឺ ម៉ូដែលអគ្គិសនីសុទ្ធ Avatr 11 ជាប្រភេទរថយន្ត SUV Crossover EV ដ៏រលោងស្រស់ស្អាត និងស៊ិចស៊ីដ៏ទាក់ទាញបំផុត ដែលមានបំណងប្រកួតប្រជែងជាមួយនឹង Tesla ។

រថយន្ត​អគ្គិសនីថ្មី​បំផុតនេះ​ មាន​ការរចនា​ប្លែក​ពី​គេ និង​ជាពិសេសភ្ជាប់ដោយប្រព័ន្ធបើកបរស្វ័យប្រវត្ដិកម្រិតស្ដង់ដាររបស់Huawei ។ ផ្នែកខាងមុខ បំពាក់ដោយអំពូលភ្លើង LED មើលទៅលេចធ្លោ ក្រូមចង្កៀងមុខបំបែកថ្មីជាធាតុផ្សំនៃការរចនាដ៏ពេញនិយមនាពេលបច្ចុប្បន្ននេះ។ ម្យ៉ាងវិញទៀត ម៉ូដែល Avatr 11 នឹង​បំពាក់ដោយបច្ចេកវិទ្យាទំនើបដែលអាចស្វែងយល់ និង ​គិត​គូរ​ពី​អ្នក​ប្រើ​ប្រាស់យ៉ាង​កក់ក្ដៅ​ដូច​ជា​៖ ការ​យល់​ឃើញ​ផ្លូវ​អារម្មណ៍ និង ការ​ភ្ជាប់ទំនាក់ទំនង​រថយន្ត​ទៅមនុស្ស​បានយ៉ាង​ងាយស្រួលជាដើម។

យោងតាមក្រុមហ៊ុន៖ ម៉ូដែលអគ្គិសនី Avatr 11 នឹងត្រូវបានបំពាក់ដោយថាមពលថ្មអគ្គិសនី 200Kw ដែលមានសមត្ថភាពបង្កើនល្បឿនពី 0-100km/h ក្នុងរយៈពេលតិចជាង 4 វិនាទី និងអាចបើកបរបានចម្ងាយលើសពី 700គ.ម ពេលសាកម្តង ព្រមទាំងអាចបើកដល់ល្បឿនកំពូល ឬ Top Speed 400គ.ម ក្នុងមួយម៉ោង។

គួរបញ្ជាក់ផងដែរ ម៉ូដែលអគ្គិសនីសុទ្ធថ្មីបំផុតនេះ  មានតម្លៃចេញពីរោងចក្រប្រហែល $47,000 ឡើងទៅ។ ម្យ៉ាងទៀត ការផលិតដ៏ទ្រង់ទ្រាយធំ និងការចែកចាយទៅកាន់ទីផ្សាររថយន្ដអគ្គិសនីចិន និងពិភពលោក នៅត្រីមាសទី 3 នៃឆ្នាំ2022។

ប្រែសមួល: Roth VR

Leave a Reply