



ក្រុមហ៊ុន Nissan បានបង្ហាញពីផែនការផលិតរថយន្ដអគ្គិសនីដ៏មានមហិច្ឆតារបស់ខ្លួន (Nissan Ambition 2030) ដែលគ្រោងផលិតរថយន្ដអគ្គីសនីសុទ្ធចំនួន 50% នៅទូទាំងពិភពលោកនៅឆ្នាំ 2030 រួមទាំងម៉ាកយីហោ Infiniti ប្រណីតរបស់ខ្លួន។ លើសពីនេះទៅទៀត ក្រុមហ៊ុននឹងដាក់លក់ម៉ូដែលអគ្គិសនីថ្មីចំនួន 23 ម៉ូដែល នៅឆ្នាំ 2030។
កាលពីពេលថ្មីៗនេះ ក្រុមហ៊ុន Nissan បានបង្ហាញគំនិតរថយន្ដអគ្គិសនីដ៏ទាក់ទាញចំនួន 4 ម៉ូដែល មានដូចជា Chill-Out, Max-Out, Hang-Out និង Surf-Out ។
១. ម៉ូដែល Nissan Chill-Out
Nissan Chill-Out គឺជារថយន្តប្រភេទ Crossover EV ជំនាន់ចុងក្រោយ មានរចនាបថស្រស់ស្អាតទាក់ទាញ រចនាតាមគ្រោងឆ្អឹងរបស់ម៉ូដែល Ariya ហើយត្រូវបានគេរំពឹងថា នឹងផលិតកម្លាំងសេះរហូតដល់ 400hp ពីម៉ូទ័រអេឡិចត្រិចចំនួនពីរ។ នៅខាងក្នុង មានអេក្រង់កម្សាន្ដដ៏ធំ ដូចជាផ្ទាំងភាពយន្តដ៏ល្អឥតខ្ចោះ ព្រមទាំងមានបច្ចេកវិទ្យាបើកបរស្វ័យប្រវត្តិកម្រិតខ្ពស់។ មានដៃចង្កូតឆ្លាតវៃអាចបត់ចេញក្រៅផ្លូវបានពេលមិនចាំបាច់ និងមានទ្វារទំនើបងាយស្រួលចេញចូល។
២. ម៉ូដែល Nissan Max-Out
បន្ទាប់មកគឺ Nissan Max-Out ដែលជារថយន្តអគ្គិសនីអនាគតដែលត្រូវបានគេនិយាយថានឹងផ្តល់នូវរចនាបថរលោងយ៉ាងស្វាហាប់ និង ដៃចង្កូតឆ្លាតវៃឆ្លើយតបរហ័ស។ នៅខាងក្នុងមានអេក្រង់ធំទូលាយដូចនៅក្នុង Chill-Out ដែរ ព្រមទាំងភ្លើងបំភ្លឺជុំវិញនៅក្នុងកាប៊ីន ផ្ដល់បរិយាកាសស្រស់ស្រាយដល់អ្នកដំណើរ។ ទោះបីជា ក្រុមហ៊ុន Nissan មិនបានបញ្ជាក់ពីព័ត៌មានបច្ចេកទេសលម្អិតក៏ដោយ ប៉ុន្តែបើតាមមើលឃើញដូចជាមានបំពាក់ដោយបន្ទះស្រូបពន្លឺព្រះអាទិត្យផងដែរ។
៣. ម៉ូដែល Nissan Hang-Out
គំនិតបន្ទាប់មានរូបរាងទាក់ទាញជាងគេ គឹម៉ូដែល Nissan Hang-Out ត្រូវបានគេហៅថាយានជំនិះចល័តអនាគតដ៏ឆ្លាតវៃ ជាមួយនឹងទ្វាររអិល និងជាន់រាបស្មើទាំងស្រុង Hang-Out ផ្តល់ជូនជម្រើសជាច្រើនសម្រាប់ដំណើរកំសាន្ដលក្ខណៈគ្រួសារ និងមិត្តភក្តិដ៏រីករាយ។ នៅខាងក្នុង មានកៅអីបង្វិល – កៅអីខាងមុខអាចបង្វិលទៅក្រោយបាន ព្រមទាំងម៉ូនីទ័រយក្សកម្រិតច្បាស់ បំពាក់ដោយបច្ចេកវិទ្យាទំនើបចុងក្រោយ។ ការរចនារួមគ្នា ទាំងរចនាបថបុរាណ និងសម័យទំនើប គឺជាជោគជ័យដ៏អស្ចារ្យរបស់រថយន្តប្រភេទ SUV ដ៏គួរឱ្យស្រឡាញ់មួយនេះ។
៤. ម៉ូដែល Nissan Surf-Out
គំនិតទីបួនគឺ ម៉ូដែល Nissan Surf-Out ជារថយន្ដអគ្គិសនីអនាគតស្រដៀងទៅនឹងម៉ូដែល Tesla Cybertruck ផងដែរ។ រថយន្តភីកអាប់អគ្គិសនីនេះ មានផ្ទៃគ្រែត្រូវបានបិទបាំងដោយបន្ទះកញ្ចក់ពណ៌ភ្លឺចាំង អាចផ្លាស់ប្តូរទៅជារូបរាងដូចរថយន្តប្រភេទ Coupe-SUV ។ នៅខាងក្នុងកាប៊ីន គ្មានប៊ូតុងចុចទាំងស្រុងទេ ដែលគ្មានអ្វីក្រៅពីកៅអី ឈ្នាន់ និងអេក្រង់ធំទូលាយ ធ្វើឱ្យបរិយាកាសខាងក្នុងធំទូលាយ។
ប្រែសម្រួល៖ Roth VR
Reference: Nissan Reveals 4 Amazing Electric Concepts | CarBuzz