



ក្នុងអំឡុងពេលពិព័រណ៍រថយន្តឆ្នាំ 2023 នៅទីក្រុង Delhi ប្រទេសឥណ្ឌា ក្រុមហ៊ុន Suzuki នាំយកនូវគំរូរថយន្តអគ្គិសនីដំបូងរបស់ខ្លួន និងត្រៀមខ្លួនរួចជាស្រេច ក្នុងការចូលរួមកាត់បន្ថយការកើនឡើងនៃកម្តៅផែនដី។
មើលទៅ Suzuki ហាក់ដូចជាទើបតែក្រោកពីដំណេក ទៅការប្រលូកចូលក្នុងវិស័យរថយន្តអគ្គិសនី ស្របពេលដែល ក្រុមហ៊ុនផលិតរថយន្តធំៗមួយចំនួន គេដើរដល់ការផលិតគ្រឿងម៉ាស៊ីនដោយប្រើចំហេះអ៊ីដ្រូសែនទៅហើយ។
ទោះជាយ៉ាងណា ក្រុមហ៊ុន Suzuki នៅមិនទាន់បានបើកបង្ហាញអំពីព័ត៌មានលម្អិត និងលក្ខណៈពិសេសរបស់រថយន្តនេះឡើយ គ្រាន់តែដឹងថា នឹងមកព្រមជាមួយប្រព័ន្ធរង្វិលកង់ទាំងបួន 4WD អមជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយរបស់ខ្លួន។
eVX មានប្រវែង 169 អ៊ីញ (4,300 មីលីម៉ែត្រ) ទទឹង 71 អ៊ីង (1,800 មីលីម៉ែត្រ) និងកម្ពស់ 63 អ៊ីង (1,600 មីលីម៉ែត្រ) ដែលធ្វើឱ្យវាវែង និងធំជាង Vitara លក់នៅលើទីផ្សារពិភពលោកបន្តិច។
លោក Toshihiro Suzuki ប្រធានក្រុមហ៊ុន Suzuki រថយន្តនេះបំពាក់ដោយកញ្ចប់អាគុយទំហំ 60 គីឡូវ៉ាត់ម៉ោង ដោយអាចបើកបរបានរយៈចម្ងាយប្រហែល 342 ម៉ាយ (550 គីឡូម៉ែត្រ) រាល់ការសាកថ្មម្តង។
ក្រុមហ៊ុន Suzuki ក៏បាន ប្រកាសថា ខ្លួនបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងអភិវឌ្ឍន៍រួមគ្នាជាមួយក្រុមហ៊ុន Inmotive ពីប្រទេសកាណាដា ដើម្បីធ្វើការលើការផលិតប្រអប់លេខ ២វគ្គ ឬ two-speed transmission សម្រាប់ប្រើប្រាស់រថយន្តអគ្គិសនីរបស់ Suzuki នាពេលអនាគត។
អត្ថបទ៖ Vatna